នៅក្នុងបរិបទណាក៏ដោយនៃស្ថានភាពទីផ្សារ វាជាចំណុចសំខាន់ដែលម្ចាស់អាជីវកម្មត្រូវរកវិធីដើម្បីឱ្យអាជីវកម្មរបស់ខ្លួនលេចធ្លោ ប្រតិបត្តិការល្អ និងបង្កើនប្រាក់ចំណូល ។ នៅក្នុងស្ថានភាពដូចបច្ចុប្បន្ននេះអាជីវកម្មជាច្រើនកំពុងជួបបញ្ហា ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសយើង ដែលម្ចាស់ ឬអ្នកគ្រប់គ្រងត្រូវរាប់រងការងារជាច្រើនដោយខ្លួនឯង។
ការជ្រើសរើសប្រើអ្នកប្រឹក្សាយោបល់ដែលមានបទពិសោធន៍ជាជម្រើសល្អមួយដែលអនុញ្ញាតឱ្យអាជីវកម្មមានភាពរីកចម្រើនទៅមុខ និងដឹងថា តើសកម្មភាពអ្វីគួរធ្វើ និងសកម្មភាពអ្វីមិនគួរធ្វើ។
ហេតុអ្វីអ្នកត្រូវការអ្នកប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ?
១. ផ្ដល់នូវការធ្វើកោសល្យវិច្ច័យអាជីវកម្មប្រកបដោយប្រសិទ្ធភាព
តម្លៃសំខាន់ របស់អ្នកប្រឹក្សាយោបល់អាជីវកម្មជំនាញ គឺជំនាញរបស់ពួកគាត់ក្នុងការយកលទ្ធផលពីការធ្វើកោសល្យវិច័្ឆយអាជីវកម្ម (Business Diagnosis) ហើយប្រឹក្សាយោបល់ជាយុទ្ធសាស្ត្រសម្រាប់ការលូតលាស់ ឬការគ្រប់គ្រងអាជីវកម្ម។ អ្នកប្រឹក្សាយោបល់ជំនាញ មិនបានធ្វើការជាមួយក្រុមហ៊ុនតែមួយនោះទេ ដូច្នេះពួកគេមានបទពិសោធន៍ជ្រៅជ្រះក្នុងវិស័យអាជីវកម្ម ដែលអនុញ្ញាតឱ្យពួកគាត់ផ្តល់ជូននូវដំណោះស្រាយដល់ម្ចាស់អាជីវកម្មប្រកបដោយមូលដ្ឋានច្បាស់លាស់ និងមានភាពច្នៃប្រឌិត។
២. ផ្តល់់នូវទស្សនៈគ្រប់គ្រងអាជីវកម្មល្អៗ
អ្នកប្រឹក្សាយោបល់អាជីវកម្មជំនាញអាចផ្ដល់នូវទស្សនៈល្អៗ ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មមានមធ្យោបាយដោះស្រាយបញ្ហាច្រើនជាង និងស៊ីជម្រៅជាង អ្វីដែលបុគ្គលិក ឬម្ចាស់អាជីវកម្មអាចសម្លឹងឃើញ។ ម្យ៉ាងវិញទៀត ពួកគាត់មានជំនាញក្នុងផ្នែកណាមួយច្បាស់លាស់ច្រើនជាងបុគ្គលិក ឬម្ចាស់អាជីវកម្មទូទៅ ដូច្នេះពួកគាត់អាចផ្តល់ព័ត៌មានបន្ថែមជាជម្រើស និងយុទ្ធសាស្ត្រក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ដែលអាចជំរុញឱ្យម្ចាស់អាជីវកម្មមើលឃើញផ្លូវដោះស្រាយបញ្ហាបានច្រើនរបៀប។ ពួកគាត់ក៏អាចជួយអាជីវកម្មដោះស្រាយនូវបញ្ហាប្រឈមណាមួយដែលកំពុងប្រឈម ឬអាចនឹងប្រឈមនៅពេលជាក់លាក់ណាមួយ។
៣. ពួកគាត់ផ្ដោតលើការអនុវត្តផ្ទាល់ទៅលើអាជីវកម្ម
អ្នកមិនមែនទៅរកអ្នកប្រឹក្សាយោបល់ដើម្បីឱ្យពួកគាត់គ្រាន់តែប្រាប់អ្នកថាអាជីវកម្មរបស់អ្នកមានបញ្ហាហើយហើយអ្នកគួរតែធ្វើ x, y និង z ដើម្បីដោះស្រាយវានោះទេ។ ការផ្ដល់យោបល់មិនដូចការ អនុវត្តផ្ទាល់នោះទេ ការអនុវត្តផ្ទាល់ត្រូវការជំហានជាដំណាក់ៗនិងធាតុផ្សំផ្សេងទៀតដែលសហគ្រិនមិនធ្លាប់ដឹង ឬមិនធ្លាប់បានប្រើ ដើម្បីដោះស្រាយបញ្ហានោះបានយ៉ាងពិតប្រាកដ។
៤. ចង្អុលបង្ហាញពីបញ្ហាដែលកំពុងកើតឡើងដោយមិនមានការស្ទាក់ស្ទើរ
សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម អ្នកធ្វើការជាមួយអ្នកអាចជាក្រុមគ្រួសារសាច់ញាតិ ឬអ្នកស្គាល់គ្នាដែលការណ៍នេះអាចបង្កឱ្យមានការលំបាកក្នុងការជជែកពីបញ្ហាណាមួយដោយត្រង់ទៅត្រង់មកដោយសារមូលហេតុខ្លាចចិត្តគ្នាជាដើម។ ប៉ុន្តែសម្រាប់អ្នកប្រឹក្សាយោបល់ក្នុងនាមជាអ្នកខាងក្រៅពួកគេមិនមានហេតុផលអ្វីត្រូវខ្លាចចិត្តអ្នកខ្លាចប៉ះពាល់ដល់មនោសញ្ចេតនា ឬការយោគយល់គ្នានោះទេ។
ដូច្នេះពួកគាត់អាចនិយាយ និងចង្អុលបង្ហាញយ៉ាងច្បាស់អំពីបញ្ហាដែលអ្នកអាចនឹងមិនអើពើ ឬមើលមិនឃើញអស់រយៈពេលជាច្រើនឆ្នាំ។
បើយើងមើលលើភាពជាក់ស្តែងក្នុងការប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញវិញ វាមានភាពច្បាស់លាស់ ជាក់លាក់ និងបត់បែនទៅតាមប្រភេទនៃអាជីវកម្មនីមួយៗ និងស្របទៅតាមផែនការរយៈពេលខ្លី និងវែងរបស់ម្ចាស់អាជីវកម្ម។
តើអ្នកត្រៀមខ្លួនក្នុងការចាប់ឱកាសទទួលការប្រឹក្សាយោបល់ពីអ្នកជំនាញហើយឬនៅ?