បន្ទាប់ពីសហគ្រិនបានជួបទទួលព័ត៌មាននានាពីក្រុមការងាររបស់កម្មវិធី ហើយសម្រេចចិត្តចូលជាសមាជិក សកម្មភាពចម្បងធំៗចំនួន៥ដែលសហគ្រិននឹងត្រូវឆ្លងកាត់គឺ៖
១. វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា៖ ផ្តោតលើការផ្តល់ជូនចំណេះដឹង ដើម្បីអភិវឌ្ឍសម្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មលើផ្នែកដែលសំខាន់ៗ និងចាំបាច់ក្នុងការប្រើប្រាស់។
២. ការធ្វើកោសល្យវិច្ច័យអាជីវកម្ម៖ ជាសកម្មភាពពិនិត្យសុខភាពរបស់អាជីវកម្ម ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីផ្តល់ជូនសហគ្រិននូវអ្វីដែលត្រូវពង្រីក និងអ្វីដែលត្រូវពង្រឹង។
៣. វគ្គប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ៖ បន្ទាប់ពីការធ្វើកោសល្យវិច្ច័យអាជីវកម្មរួច រាល់បញ្ហា ឬឧបសគ្គដែលសហគ្រិនជួប នឹងទទួលបានការប្រឹក្សាពីសហគ្រិនរាមច្បងដែលមានបទពិសោធន៍ ដើម្បីអាចផ្តល់នូវការពន្លឿនដល់ការរីកចម្រើននៃអាជីវកម្ម។
៤. ការបោះជំរុំកសាងយុទ្ធសាស្ត្រអាជីវកម្ម៖ ជាសកម្មភាពដ៏ពិសេសមួយដែលនឹងដំណើរការនៅក្រៅក្រុង ឬតាមខេត្តនានាក្នុងប្រទេស ដែលវាជាពេលដែលសហគ្រិនទទួលបាននូវអារម្មណ៍ថ្មីដើម្បីកសាងយុទ្ធសាស្ត្រអាជីវកម្ម និងស្នាក់នៅជាមួយគ្នាបង្កើនភាពស្និតស្នាលថែមមួយកម្រិត។
៥. ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រិន៖ សហគ្រិនដែលជាសមាជិករបស់កម្មវិធី មានឱកាសពិសេសដែលអាចជួបជាមួយវិនិយោគិន និងស្ថាប័នវិនិយោគនានាដូចជា CiC Capital, CiC PLC, CAIN និងដៃគូផ្សេងៗទៀត។
ក្រោយពីកម្មវិធីបញ្ចប់ក្នុងរយៈពេលប្រមាណ ៦ខែរួចមក សមាជិកនឹងទទួលបាន៖
១. សញ្ញាបត្របញ្ជាក់ការទទួលបានការបណ្តុះបណ្តាលពីកម្មវិធី៖ វាជាពេលវេលាពិសេសមួយ ដែលសហគ្រិនទាំងអស់មកជួបជុំគ្នា រំលឹកនិងបង្កើតអនុវស្សារីយ៍ល្អៗ បន្ថែមភាពជិតស្និតជាមួយគ្នាបន្ថែមទៀត និងទទួលបានសញ្ញាបត្រពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្មវិធី។
២. ឱកាសវិនិយោគពីវិនិយោគិន និងស្ថាប័ននានា៖ ហិរញ្ញវត្ថុជាបញ្ហាចម្បងមួយដែលអាជីវកម្មជួបប្រទះជាពិសេសក្នុងការពង្រីកខ្លួនឱ្យកាន់តែធំ ទោះបីជាកម្មវិធីបញ្ចប់ហើយក្តី ក៏សមាជិកចាស់ៗនៅតែអាចទំនាក់ទំនងមកក្រុមការងារដើម្បីពិក្សាពីការទទួលបានឱកាសវិនិយោគបានផងដែរ។
៣. បន្តទំនាក់ទំនងមិត្តភាពសហគ្រិន ដៃគូអាជីវកម្ម ដៃគូវិនិយោគ៖ ពេលចូលរួមកម្មវិធីចូលរួមជាមួយគ្នា ពេលកម្មវិធីបញ្ចប់ ក៏មិត្តភាព ទំនាក់ទំនង ផ្តោះប្តូរបទពិសោធន៍នៅតែកើតឡើងជារឿយៗ។ សមាជិកមួយចំនួនបានក្លាយដៃគូអាជីវកម្មជាមួយគ្នា ហើយខ្លះទៀតក៏អាចចាប់ដៃគ្នា ដើម្បីបង្កើតអាជីវកម្មថ្មីមួយទៀត ទៅតាមធនធាននឹងសមត្ថភាពដែលសហគ្រិនម្នាក់ៗមាន។
តើអ្នកបានត្រៀមខ្លួននឹងទទួលយកបទពិសោធន៍ទាំងនេះហើយឬនៅ?