នៅពេលដែលអ្នកកសាង និងដឹកនាំអាជីវកម្មមួយ អ្នកត្រូវចាត់ចែងគ្រប់គ្រងការងារយ៉ាងច្រើន។ អ្នកស្ទើរតែអាចធ្វើបានគ្រប់សព្វការងារក្នុងអាជីវកម្ម។ ជាការពិត អ្នកត្រូវធ្វើការច្រើនម៉ោង ទាំងពេលយប់ ទាំងចុងសប្តាហ៍ ហើយការងារកាន់តែធ្វើ កាន់តែមិនចេះអស់។
មូលហេតុនេះហើយ ការបង្កើតក្រុមការងារ និងផ្ទេរសិទ្ធការងារទៅកាន់ពួកគេ ជាភាពចំបាច់មួយសម្រាប់ជួយដល់សហគ្រិនឱ្យមានពេលវេលាបង្កើនផលិតភាពកសាងយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម។
ខាងក្រោមនេះជា ៧ចំណុចជួយសហគ្រិនក្នុងការផ្ទេសិទ្ធការងារយ៉ាងមានប្រសិទ្ធភាព៖
១. បង្ខំខ្លួនឯងឱ្យផ្ទេរសិទ្ធបែងចែកការងារ
សហគ្រិនមានធម្មជាតិជាម្ចាស់របស់ការងារដែលបានបង្កើតឡើងមក ដែលចង់ធ្វើវាគ្រប់ពេលវេលា ហើយធ្វើច្រើនបំផុតតាមដែលអាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែលះបង់ បង្ខំខ្លួនឯងផ្ទេរសិទ្ធការងារមួយចំនួនទៅក្រុមការងារ ទោះបីអ្នកមិនចង់ក៏ដោយ។ ពេលខ្លះការងារដែលអ្នកចង់ធ្វើវា តែវាប្រហែលជាប្រសើរឡើងប្រសិនបើអ្នកផ្ទេរវាឱ្យអ្នកផ្សេង។
២. ឆ្លើយតបឱ្យទាន់ពេលក្នុងការបែងចែកការងារ
ប្រសិនបើអ្នករងចាំរហូតដល់ធ្វើការហួសកម្លាំង ធ្វើការងាររហូតដល់ស្ត្រេស វាប្រហែលជាយឺតពេលក្នុងការផ្ទេរសិទ្ធការងារ។ ជំនួសមកវិញ អ្នកត្រូវការរៀបចំកិច្ចការងារត្រូវធ្វើ និងរៀបចំផែនការបែងចែកការងារមុនពេលដែលការងារជន់មកច្រើនពេក។ ផែនការទាំងនោះរួមបញ្ចូលទាំង ការជ្រើសរើសបុគ្គលិកថ្មី ការបន្ថែមការងារ ឬជួយអភិវឌ្ឍជំនាញថ្មីដល់ក្រុមការងារ។
៣. ស្គាល់ពីចំណុចខ្លាំង និងខ្សោយរបស់ក្រុមការងារ
មុនពេលដែលផ្ទេរការងារ អ្នកក៏ត្រូវតែដឹងអំពីចំណុចខ្លាំង និងខ្សោយរបស់ក្រុមការងារផងដែរ។ អាជីវកម្មមួយអាចមានបុគ្គលិកដែលធ្វើការបានល្អតែចំណាយពេលយូរ ចំណាយពេលលឿនតែការងារត្រូវពិនិត្យច្រើន ឬធ្វើការងារបានល្អនិងលឿន។ ដូច្នេះក្នុងការបែងចែការងារ អាចនឹងត្រូវគិតអំពី ការងារដែលសំខាន់និងបន្ទាន់ ការងារដែលសំខាន់និងមិនបន្ទាន់ និងការងារដែលបន្ទាន់តែមិនសំខាន់។
៤. វិនិយោគពេលវេលាក្នុងការបណ្តុះបណ្តាល
មុនពេលដែលអ្នកផ្ទេរសិទ្ធការងារ មានតែអ្នកប៉ុណ្ណោះដែលដឹងអំពីរបៀបធ្វើ។ ត្រង់ចំណុចនេះដែរ អ្នកត្រូវតែបណ្តុះបណ្តាលទៅឱ្យពួកគេឱ្យអាចធ្វើបានជំនួសអ្នក។ ការបណ្តុះបណ្តាលជាការវិនិយោគ អ្នកត្រូវការពេលតែម្តង ឬ២ដងដើម្បីបង្ហាញផ្លូវក្នុងការធ្វើ បន្ទាប់មកពួកគេនឹងធ្វើវាដោយខ្លួនឯងគ្មានកាលកំណត់។
៥. ចង្ហាញការរំពឹងទុករបស់អ្នកឱ្យបានច្បាស់លាស់
នៅពេលផ្ទេរសិទ្ធការងារ ការរំពឹងទុករបស់អ្នកត្រូវតែបង្ហាញឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារអាចងាយស្រួលក្នុងការធ្វើឱ្យឆ្ពោះទៅរកកាន់តែឆាប់ដល់។ ប្រសិនបើមានក្រុមការងារពាក់ព័ន្ធច្រើនក្នុងការងារគម្រោងណាមួយ ត្រូវប្រាកដថាពួកគេម្នាក់ៗយល់ច្បាស់អំពីកិច្ចការរៀងៗខ្លួន។ ចំណាយពេលវេលាបន្តិចមកនិយាយគ្នាឱ្យបានច្បាស់ ប្រសើរជាងបញ្ហាកើតឡើងដោយពិបាកគ្រប់គ្រងបាន។
៦. ជឿទុកចិត្ត តែត្រូវផ្ទៀតផ្ទាត់
ជាការពិតណាស់ អ្នកជឿជាក់លើក្រុមការងារដែលអាចធ្វើការបានយ៉ាងល្អ តែទោះបីជាយ៉ាងណាក៏ដោយអ្នកក៏ត្រូវប្រគល់ការងារជាមួយពេលវេលាកំណត់មួយជាក់លាក់ និងត្រួតពិនិត្យជាប្រចាំ។ ត្រួតពិនិត្យដំណើរការអំពីកិច្ចការដែលបានបញ្ចប់ ដើម្បីរកថាវាមានចំណុចអ្វីដែលអាចធ្វើឱ្យកាន់តែប្រសើរឡើងបាន។
៧. ផ្តល់ឱ្យ និងទទួលបានមតិយោបលត្រឡប់
ជាចុងក្រោយ ផ្ទេរសិទ្ធការងារ និងសួរអំពីមតិយោបល់រាល់ការងារដែលបានបញ្ចប់។ ត្រូវផ្តល់មតិដល់ក្រុមការងាររបស់អ្នកអំពីពិន្ទុនៃការងារដែលពួកគេបានធ្វើ និងសួរត្រឡប់មកវិញអំពីអ្វីដែលពួកគេគិតអំពីកិច្ចការដែលអ្នកដាក់មក។ អ្នកនឹងធ្វើឡើងកាន់តែប្រសើរពីមួយពេលទៅមួយពេល ក្នុងបទពិសោធន៍ និងដំណើរការនៃការផ្ទេរសិទ្ធការងារ។
អ្នកត្រូវការរៀនអំពីរបៀបផ្ទេរសិទ្ធការងារទៅក្រុមការងារ និងត្រូវប្រាកដថា វានឹងបញ្ចប់ជាមួយលទ្ធផលដ៏ល្អមួយ។ ប្រសិនបើអ្នកចេះផ្ទេរសិទ្ធការងារបានល្អ ច្បាស់ណាស់ណាផែនការ២០២៣ដ៏ធំរបស់អ្នក នឹងអាចទៅមុខបានកាន់តែរលូនទៅដល់គោលដៅដែលបានកំណត់។