អ្នកប្រឹក្សាជំនាញពីអាជីវកម្ម (Business Mentor) គឺជាអ្នកដែលមានបទពិសោធន៍ក្នុងផ្នែកអាជីវកម្ម ហើយមានឆន្ទៈក្នុងការដើរតួជាអ្នកផ្តល់ដំបូន្មាន ប្រឹក្សាយោបល់ពីទស្សនៈថ្មីៗ សហការ និងជួយសហគ្រិន ឬម្ចាស់អាជីវកម្មឱ្យផ្តោតលើគោលដៅរយៈពេលវែងរបស់ពួកគេក្នុងការដំណើរការអាជីវកមុ្ម។
ហេតុផល ៤ យ៉ាងដែលអ្នកប្រឹក្សាជំនាញពីអាជីវកម្ម មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម៖
១. អ្នកប្រឹក្សាជំនាញពីអាជីវកម្ម លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍរបស់អាជីវកម្ម
តួនាទីសំខាន់របសអ្នកប្រឹក្សាជំនាញពីអាជីវកម្ម គឺធ្វើយ៉ាងណាជួយផ្ដល់មតិយោបល់ ដើម្បីជួយឱ្យអាជីវកម្មរីកចម្រើនលូតលាស់ទៅមុខបាន។ ជាពិសេសគឺការលើកទឹកចិត្ត ការប្រាប់ពីដំណើរដ៏លំបាកនៅក្នុងដំណាក់កាលនីមួយៗដែលនឹងឆ្លងកាត់ និងភាពស្រស់ស្អាតដែលនៅចាំយើងនៅពេលខាងមុខ។
២. អ្នកប្រឹក្សាជំនាញពីអាជីវកម្ម ជាប្រភពនៃចំណេះដឹង
អ្នកប្រឹក្សាជំនាញពីអាជីវកម្ម អាចផ្តល់នូវចំណេះដឹង និងដំបូន្មានដែលអាចជួយឱ្យអាជីវកម្មជោគជ័យ។ អ្នកដែលទើបតែចាប់ផ្តើមអាជីវកម្មដំបូង អាចទទួលបានអត្ថប្រយោជន៍ពីការណែនាំបែបនេះ ព្រោះវាជួយឱ្យពួកគេយល់ ដឹងបន្ថែមពីគន្លឹះក្នុងការគ្រប់គ្រងអាជីវកម្មឱ្យបានកាន់តែប្រសើរជាងមុន។ ឧទាហរណ៍ អ្នកណែនាំអាចជួយអ្នកចាប់ផ្តើមអាជីវកម្មរៀនពីរបៀបបង្កើតផែនការអាជីវកម្ម និងការគ្រប់គ្រងថវិការបស់ពួកគេ។
៣. អ្នកប្រឹក្សាជំនាញពីអាជីវកម្ម ជួយបង្កើតទំនាក់ទំនង
អ្នកណែនាំអាចជួយបង្កើតបណ្តាញទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈទៅកាន់ម្ចាស់អាជីវកម្ម។ អ្នកប្រឹក្សាជំនាញពីអាជីវកម្ម អាចជួយភ្ជាប់ម្ចាស់អាជីវកម្មទៅកាន់ឱកាសសក្តានុពល ឬបុគ្គលដែលអាចជួយពួកគេ។ អ្នកប្រឹក្សាជំនាញពីអាជីវកម្ម ជាធម្មតាប្រលូកក្នុងវិស័យអាជីវកម្មមុន ដូច្នេះពួកគេតែងមានបទពិសោធន៍ច្រើន និងស្គាល់មនុស្សច្រើន។ ការពង្រីកបណ្ដាញមានសារៈសំខាន់ និងមានតម្លៃណាស់សម្រាប់ការរីកចម្រើនរបស់អាជីវកម្ម។
៤. អ្នកប្រឹក្សាជំនាញពីអាជីវកម្ម អាចផ្តល់មតិស្ថាបនា
អ្នកណែនាំដ៏គួរឱ្យទុកចិត្តអាចឱ្យមតិត្រឡប់ដោយស្មោះត្រង់។ តាមរយៈការបង្កើតការជឿទុកចិត្ត អ្នកប្រឹក្សាជំនាញពីអាជីវកម្មយល់ថាការរិះគន់ក្នុងន័យស្ថាបនាមានគោលបំណងកសាងការរីកចម្រើនអាជីពរបស់ពួកគេ ជាជាងធ្វើឱ្យពួកគេមានអារម្មណ៍ល្អ តែទទួលបានផលមិនល្អ។អ្នកប្រឹក្សាជំនាញពីអាជីវកម្ម អាចកំណត់ចំណុចខ្សោយ និងណែនាំម្ចាស់ អាជីវកម្មអំពីវិធីកែលម្អ។ ពេលខ្លះមិត្តភ័ក្តិ ឬក្រុមគ្រួសារអាចស្ទាក់ស្ទើរក្នុងការនិយាយប្រាប់ចំណុចខ្សោយរបស់អ្នក ប៉ុន្តែអ្នកណែនាំនឹងមិនខ្លាចក្នុងការចង្អុលបង្ហាញចំៗពីចំណុចដែលអ្នកត្រូវកែលម្អនោះទេ ដរាបណាទង្វើនោះវាជួយឱ្យអ្នករីកចម្រើនជាងមុនបាន។
ការជ្រើសរើសអ្នកប្រឹក្សាជំនាញពីអាជីវកម្ម ដែលមានបទពិសោធន៍ជាជម្រើសល្អមួយដែលអនុញ្ញាតឱ្យអាជីវកម្មមានភាពរីកចម្រើនទៅមុខ ជាពិសេសនៅក្នុងស្ថានភាពលំបាកណាមួយ។ តើអ្នកធ្លាប់គិតទេថា អ្នកនឹងចង់បាន អ្នកប្រឹក្សាជំនាញពីអាជីវកម្មដ៏មានសមត្ថភាពដើម្បីជួយអ្នកទៅរកភាពរីកចម្រើនឬទេ?