ការវិនិយោគលើខ្លួនឯង និងការចំណាយលើការសិក្សា ជាចំណាយដែលគួរតែទទួលបានអាទិភាពសម្រាប់សហគ្រិន ប៉ុន្តែវាមិនមែនសុទ្ធតែអាចទៅរួចសម្រាប់គ្រប់គ្នានោះទេ។ ៣វិធីសាស្ត្រខាងក្រោម អ្នកអាចចាប់ផ្តើមទទួលបានចំណេះដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុដែលអ្នកគួរសាកល្បងដោយមិនចំណាយលើការបង់ថ្លៃលើសពីសមត្ថភាពរបស់អ្នកនោះទេ។
មុននឹងចូលទៅដល់វិធីសាស្ត្រនេះ តើអ្នកមានជំនឿជាក់ប៉ុណ្ណាថា ការវិយោគលើចំណេះដឹងពិតជាសំខាន់សម្រាប់ខ្លួនរបស់អ្នក? តើអ្នកបានរៀបចំផែនការ រៀបចំធនធាន និងពេលវេលាបែបណាលើការអភិវឌ្ឍសម្ថភាពរបស់អ្នក?
១. ទទួលការអប់រំតាមរយៈអ៊ីនធឺណិត
សព្វថ្ងៃនេះ ស្ទើតែអ្វីទាំងអស់ដែលយើងចង់ដឹង សុទ្ធតែអាចរកបានក្នុងអ៊ីនធឺណិត រួមទាំងចំណេះដឹងអំពីហិរញ្ញវត្ថុផងដែរ។ ពិតណាស់ថា អ្នកមិនពិបាកក្នុងការស្វែងរកប្រភពចំណេះដឹងអំពីហិរញ្ញវត្ថុក្នុងអ៊ីនធឺណិតនោះទេ តែវាមិនងាយស្រួលរកឱ្យចំប្រភពដែលល្អនោះដែរ។ អ្នកត្រូវស្រាវជ្រាវបន្ថែមថា អ្នកដែលបង្ហាញ ឬបង្រៀនធ្លាប់បានឆ្លងកាត់នូវបទសោធន៍ទាំងនោះឬទេ មុខពេលដែលសម្រេចចិត្តចំណាយពេលទៅរៀន ទៅមើល ទៅអាន ឬទៅទំនាក់ទំនងជាមួយ។
២. សៀវភៅ និងបណ្ណាល័យ
សៀវភៅជាផ្លូវដ៏សំខាន់មួយទៀតដែលអាចនាំអ្នកទៅកាន់គ្រប់ជំនាញ ឬចំណេះដឹងដែលអ្នកត្រូវការ។ អ្នកអាចអានអំពីមហាសេដ្ឋី អ្នកដឹកនាំ សហគ្រិន ម្ចាស់អាជីវកម្ម អំពីអ្វីដែលពួកគេបានធ្វើ ឬធ្លាប់ទទួលបានបទពិសោធន៍នានា។ អ្នកអាចជ្រើសរើសយកសៀវភៅប្រភេទដែលអ្នកចង់បាន ជាពិសេសសៀវភៅទាក់ទងនឹងហិរញ្ញវត្ថុ។ ជាការពិត ដើម្បីបានសៀវភៅអ្នកក៏ត្រូវចំណាយក្នុងការទិញវាដែរ តែជំនួសឱ្យការទិញ អ្នកអាចស្វែងរកវាក្នុងបណ្ណាល័យដែលអាចអនុញ្ញាតឱ្យអ្នកអាន ឬខ្ចីដោយឥតគិតថ្លៃ។
៣. ចូលរួមកម្មវិធីពង្រីកបណ្តាញទំនាក់ទំនង
ក្នុងពេលបច្ចុប្បន្ន អាចមានកម្មវិធីជាច្រើនដែលអ្នកអាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ហើយអ្នកអាចមានឱកាសជួបជាមួយបុគ្គលដែលមានសក្តានុពលជាច្រើនដែលមានសមត្ថភាព និងមានចំណេះដឹងលើផ្នែកហិរញ្ញវត្ថុដែលអ្នកអាចចាប់យកឱកាសសួរនាំពួកគាត់ដោយផ្ទាល់បាន។ ប្រសិនបើអ្នកមិនមានភាពខ្លាហាន ឬមិនមានពេលវេលាចូលរួមច្រើនដោយផ្ទាល់ អ្នកក៏គួរស្រាវជ្រាវស្វែងរកកម្មវិធីដែលធ្វើតាមរយៈអ៊ីនធឺណិត។
ចំណេះដឹងហិរញ្ញវត្ថុ ជាបញ្ញាមួយដែលកើតចេញពីការរៀបចំចាត់ចែង ដោយឆ្លងកាត់ការរៀនសូត្រ អនុវត្ត និងការណែនាំពីអ្នកដែលធ្លាប់ឆ្លងកាត់លើផ្នែកនេះ។ អរគុណដល់ការរីកចម្រើននៃបច្ចេកវិទ្យា ដែលក្នុងពេលបច្ចុប្បន្ននេះ មានវិធីសាស្ត្រ និងមានប្រភពជាច្រើនដែលយើងអាចទៅស្វែងរក ដើម្បីពង្រីកពុទ្ធិបានដោយឥតគិតថ្លៃ និងកាន់តែងាយស្រួល។