Impact From COVID-19

តើអាជីវកម្មនៅកម្ពុជាត្រូវបានរងផលប៉ះពាល់ទៅលើផ្នែកធំៗអ្វីខ្លះដោយសារកូវីដ-១៩?

កូវីដ១៩ កំពុងតែអូសបន្លាយពេលក្នុងការមានវត្តមាននៅក្នុងប្រទេសយើង ក៏ដូចជាពិភពលោក។ អាជីវកម្មមួយចំនួនអាចនឹងមានភាពប្រសើរឡើងវិញខ្លះ ហើយអាជីវកម្មមួយចំនួនក៏នឹងកំពុងតែបន្តរងគ្រោះ និងទទួលផលប៉ះពាល់ពីវិបត្តិនៃជំងឺមួយនេះ។

យោងទៅតាមការសិក្សាពីផលប៉ះពាល់នៃកូវីដ១៩ មកលើអាជីវកម្មក្នុងប្រទេសយើងគឺមាន ៤ចំណុចធំដែលអាជីវកម្មភាគច្រើនសុទ្ធតែជួបប្រទះ ៖

១. ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុជាចំណុចរសើបនៅសម្រាប់អាជីវកម្ម ដែលគ្រប់ផ្នែកទាំងអស់សុទ្ធតែទាក់ទង និងផ្នែកមួយនេះ។ រាល់សកម្មភាពរបស់អាជីវកម្មសុទ្ធតែត្រូវការចំណាយ ដើម្បីទទួលបានចំណូលមកវិញ តែកូវីដបានធ្វើឱ្យលំហូរសាច់ប្រាក់ដំណើរការមិនល្អ ចំណូលមិនទៀងទាត់ និង មិនមានលទ្ធភាពសងទៅម្ចាស់បំណុល។

២. ផលិតភាពរបស់បុគ្គលិកមានផលប៉ះពាល់អវិជ្ជមាន

បុគ្គលិកមិនមានសមាធិ ឬការផ្តោតបាន១០០%នៅក្នុងការងារដោយការបារម្ភពីសុខភាពផ្ទាល់ខ្លួន ឬសុខភាពគ្រួសារពួកគេ។ បុគ្គលិកខ្លះរត់ទៅស្រុកកំណើត ខ្លះមិនហ៊ានចេញទៅធ្វើការ ឬទៅធ្វើការដោយអារម្មណ៍ភ័យខ្លាចដែលនាំឱ្យផលិតភាពការងារមានការថមថយ ហើយលទ្ធផលការធ្លាក់ចុះជារួម។

៣. តម្លៃ និងគុណភាពផលិតផល និងផលប៉ះពាល់ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់

បញ្ហាសំខាន់មួយទៀតដែលអាជីវកម្មជួបប្រទះគឺ បញ្ហាតម្លៃ គុណភាពផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់មិនមានដំណើរការរលូន។ ផលិតដែលមានក្នុងស្តុក លក់មិនចេញទុកយូរខូចគុណភាព ព្រោះការលក់ថយចុះ។ ចំណែកឯ ផលិតផលដែលត្រូវការ មានការផ្គត់ផ្គង់យឺតពេលដោយសារអ្នកផ្គត់ផ្គង់មិនមានផលិតផលគ្រប់ ឬមានការផ្អាកអាជីវកម្មជាដើម។

៤. ការថយចុះអតិថិជន និងមិនអាចផ្គត់ផ្គង់តាមតម្រូវការអតិថិជន

ភាពភ័យខ្លាចក្នុងការធ្វើដំណើរចេញក្រៅផ្ទះ ធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់មានការថយចុះ ដែលនាំឱ្យចំណូលសម្រាប់អាជីវកម្មថយចុះដូចគ្នា។ អតិថិជនមានតិច ចំណូលបានទាប បុគ្គលិកធ្វើការក៏ទន់ទោរតាមកូវីដ ហើយការផ្គត់ផ្គង់ការយឺតយូរ ដែលធ្វើឱ្យអាជីវកម្មជួបបញ្ហាសឹងតែគ្រប់ទិស ដែលទាមទារឱ្យម្ចាស់អារម្មណ៍ត្រូវដោះស្រាយវិញ្ញាសារមួយនេះ។

តែបើយើងមើលទៅជ្រុងមួយទៀតដែលអាជីវកម្មទាំងនោះសុទ្ធតែជួបបញ្ហាដូចគ្នា តែការតស៊ូ ការស្វែងរក ការខិតខំតែងមានដំណេះស្រាយ ទោះមិនបានដោះទាំងអស់ក៏អាចជួយបានខ្លះ។

ក្នុងកាលៈទេសៈដូចគ្នាដែរ មានម្ចាស់អាជីវកម្មជាច្រើនបានរិះរកដំណោះស្រាយលើ មធ្យោបាយរៀងៗខ្លួន ដោយអ្នកខ្លះបានជួបជុំជាមួយម្ចាស់អាជីវកម្មដទៃដើម្បីដោះដូរគំនិត អ្នកខ្លះចូលសិក្ខាសាលាអនឡាញតាមប្រធានបទដែលល្អៗ អ្នកខ្លះជួបជាមួយអ្នកប្រឹក្សាជំនាញ ហើយអ្នកខ្លះទៀតយកពេលនេះដើម្បីរៀនអភិវឌ្ឍន៍សម្ថភាព។

ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម មានភាគរយខ្ពស់ណាស់ថា អ្នកក៏នឹងមានបញ្ហាប្រឈមដូចគ្នាក្នុងស្ថានភាពនេះ។ តើអ្នកអាចចែករំលែកបានទេថាអ្នកបានប្រើប្រាស់ដំណោះស្រាយអ្វីខ្លះ?

Leave a Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Scroll to Top